ពិធីបិទកិច្ចប្រជុំ APPF សម្តេច ហេង សំរិន លើកឡើងថា “សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា”


1/16/2019 10:52:16 AM

 

បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំAPPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប នាខេត្តសៀមរាប។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តAPPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយ មានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយ ចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។ សម្តេចបន្តថា កិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេច បាននូវសេចក្តីសម្រេច សំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។

កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាព”  ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺ កិច្ចប្រជុំសមាជិកសភាស្ត្រីAPPF វិស័យសហប្រតិបត្តិការតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យនយោបាយ និងសន្តិសុខ ដែលសរុបមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ដែលប្រទេសសមាជិកAPPFលើកឡើង ហើយជាចុងបញ្ចប់កិច្ចប្រជុំAPPF បានធ្វើសំយោគបញ្ចូលមកនៅត្រឹម១៥សេចក្តីព្រាងសេចក្តីសម្រេច។ កិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចចំនួន១៤ ដោយទុកសេចក្តីព្រាងសេចក្តីសម្រេចមួយបន្តពិភាក្សានៅប្រទេសអាស្រ្តាលី នៅឆ្នាំ២០២០ទៀត។

ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ សម្តេចប្រធាន APPF លើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរយៈពេល បីថ្ងៃមកនេះ បានសំដៅដល់ការដោះស្រាយបញ្ហារួមក្នុងតំបន់ ដែលមានដូចជាការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជា ដៃគូលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាដើម។

សម្តេចប្រធាន APPF បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថេរភាព ជាបុរេលក្ខខ័ណ្ឌដ៏ចំាបាច់សម្រាប់ការកសាង និងអភិវឌ្ឍសង្គម ជាតិ។ បើប្រទេសមួយ កំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ មានសង្រ្គាម ឬអស្ថិរភាពនោះ គ្មានទេការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសជាតិ។ សម្តេចបានមានប្រសាសន៍បន្តថា “សន្តិភាព និងការអភិវឌ្ឍ” ត្រូវដើរទន្ទឹមគ្នា។ បើប្រទេសមួយមានតែសន្តិភាព ប៉ុន្តែគ្មានការអភិវឌ្ឍរីកចម្រើន ប្រទេសនោះក៏មិនអាចមានសន្តិភាពនៅស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។

“ដូច្នេះយើង ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសនីមួយៗត្រូវការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាព។ ក្នុងន័យនេះ ពាណិជ្ជកម្ម និងវិនិយោគ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង “នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានAPPF លើកទី២៧។

នៅមុន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រកាសបិទកិច្ចប្រជុំ APPF បានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំសមាជិក សភាស្រ្តីAPPF ដែលអានដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF។ស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចប្រធានAPPF-២៧ និងរបាយការណ៍សង្ខេបនៃកិច្ចប្រជុំគណៈកម្មាធិការសេចក្តីព្រាង។ របាយការណ៍ទំាងពីរ ខាងលើនេះ អានដោយ ឯកឧត្តម ហ៊ុន ម៉ានី។ បន្ទាប់មកសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលចូលរួមប្រជុំបានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួម។

ប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ បន្តពីកម្ពុជា គឺប្រទេសអូស្រ្តាលី ដែលត្រូវទទួលធ្វើម្ចាស់ជាផ្ទះកិច្ចប្រជុំលើកទី២៨ នៅឆ្នាំ២០២០។ ចំណែកសាធារណរដ្ឋកូរ៉េ ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៩ នៅឆ្នាំ២០២១។  នៅក្នុងពិធីបិទកិច្ចប្រជុំលើកទី២៧នេះ សភាកម្ពុជាបានប្រគល់ទង់APPF ដល់ប្រទេសអូស្រ្តាលី ដែលទទួលវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF ផងដែរ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ជាបណ្តុំសភាធំមួយដែលមានសមាជិក២៧ប្រទេស។ APPF តែងតែរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដោយសភាប្រទេសជាសមាជិកប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះកិច្ចជុំប្រចាំឆ្នាំជាទៀតទាត់ ក្នុងការប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋ ដោះស្រាយបញ្ហារួម ពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុងគ្រួសារ APPF ក្នុងគោលបំណងកសាងសុខសន្តិភាពនៅក្នុងតំបន់ និងពិភព- លោកប្រកបដោយចីរភាព៕

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន