គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក


1/17/2019 10:02:18 AM

ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ រយៈពេល៣ថ្ងៃ នៅលើទឹកដីអង្គរនៃខេត្តសៀមរាបរួចមក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិក APPF ទាំងអស់ បានអញ្ជើញ​​ធ្វើ​ទស្សនកិច្ច​ទៅកាន់​​តំបន់​​​ទេសចរណ៍វប្បធម៌នានា របស់កម្ពុជា នៅក្នុងខេត្តសៀមរាប។​

នៅពេលបានឃើញផ្ទាល់នូវប្រាង្គប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាដើម ក្រុមគណៈប្រតិភូទាំងអស់ បានឲ្យដឹងថា ប្រាង្គ​ប្រាសាទក្នុងតំបន់អង្គរពិតជាល្អគ្មានពីរលើលោក គិតទាំង​​រចនា​បថ ស្ថាបត្យ​កម្ម និង​គំនូ​​រសិល្បៈ។ ហើយវាពិតជាសក្ដិសមបំផុត ដែលការប្រកាស បើកជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី Asian Cultural Council (ACC) បានធ្វើឡើងនៅលើទឹកដីអង្គរដែលមានសម្បត្តិ​វប្បធម៌​​​ដ៏ច្រើន និងអស្ចារ្យ បែបនេះ។

ក្រុម​គណៈ​​ប្រតិភូ បានកោតស្ញប់ស្ញែងពីភាព​អស្ចារ្យនៃ​ស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបាន​​កសាង​​ប្រាង្គ​ប្រាសាទ​ដ៏មហិមាទាំងឡាយ ទុកឲ្យកូនចៅខ្មែរ​ជំនាន់​ក្រោយ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងជា​ប្រធានអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន សម្រាប់កិច្ចប្រជុំ APPF លើកទី២៧​ដែលបានដឹកនាំ និងសម្រប​សម្រួលក្បួន​ទស្សនាចរណ៍​របស់​គណៈ​ប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំ ឲ្យមានដំណើរ​ទស្សនកិច្ចសម្រាប់គណៈប្រតិភូAPPFនេះ គឺជាយុទ្ធ​សាស្ត្រមួយក្នុងការ​​លើកកម្ពស់ និងទាក់ទាញទេសចរណ៍​បរទេស ឲ្យចូលមក​ទស្សនា​ប្រាង្គប្រាសាទ​ដែលជា​សម្បត្តិវប្បធម៌ខ្មែរ ឲ្យកាន់តែច្រើនថែមទៀត។

សូមជម្រាបថា គណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធី​ប្រកាស​បើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី Asian Cultural Council (ACC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​កាលពីល្ងាចថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៩ នៅទីលានជល់ដំរី​ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន